សកម្មភាពរបស់ ISI GROUP ក្នុងការជួយការពារសុវត្ថិភាពបុគ្គលិក និងជនរួមជាតិ ពី កូវីដ ១៩

Author

Luka D’Amato

ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើននាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីឥទ្ធិពលអវិជ្ជមានដែលជំងឺរាតត្បាតសកល កូវីដ ១៩ មានលើវិស័យសង្គម និងសេដ្ឋកិច្ច ក្រុមការងារយើងនៅទូទាំង ISI GROUP បាន និងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការចូលរួមចំណែកថែរក្សា និងការពារសុវត្ថិភាពជូនបុគ្គលិក អតិថិជន ដៃគូអាជីវកម្មរបស់យើង ក៏ដូចជាសហគមន៍ទាំងមូល។ សកម្មភាពទាំងនោះរាប់បញ្ចូលទាំងការអនុវត្តវិធានការការពារផ្ទៃក្នុងយ៉ាងឆាប់រហ័ស និងទាន់ពេលវលា ចាប់តាំងពីដើមឆ្នាំ ២០២០ ដល់ការគាំទ្រកិច្ចប្រឹងប្រែងធ្វើតេស្តថ្នាក់ជាតិរកមេរោគកូរ៉ូណាថ្មីនេះ។ បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយើងទាំងអស់បានធ្វើការរួមគ្នាយ៉ាងសកម្ម ចូលរួមចំណែកបញ្ឈប់ការរីករាលដាលនៃជំងឺ កូវីដ ១៩។

ការចូលរួមចំណែករបស់ ISI GROUP ដែលទើបតែកន្លងផុតទៅថ្មីៗនេះគឺ សកម្មភាពនៃការរៃអង្គាសប្រមូលថវិកាចំនួន ១២ ម៉ឺនដុល្លារអាមេរិក ដែលត្រូវបានផ្តួចផ្តើមឡើងដោយ មូលនិធិ ខេ អឹម អេច របស់ ISI GROUP និងសប្បុរសជនមួយចំនួនទៀត ដើម្បីទិញគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលចាំបាច់ និងបន្ទាន់ សម្រាប់បំពាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ហៅកាត់ថា អាយ ភី ស៊ី) ដែលជាមន្ទីរពិសោធន៍មួយក្នុងចំណោមមន្ទីរពិសោធន៍តែពីរគត់នៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានទទួលស្គាល់សម្រាប់ការធ្វើតេស្តរកមេរោគជំងឺ កូវីដ ១៩។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពនាពេលបច្ចុប្បន្ននៅកម្ពុជា។

យោងលើឯកសារនៃការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោក (ថ្ងៃទី ១៤ ខែមេសា) សមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យលើករណីសង្ស័យនៃជំងឺ កូវីដ ១៩ និងការរក្សាបាននូវទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលាគឺជាកត្តាចាំបាច់ដើម្បីការពារការផ្ទុះឡើងនៃជំងឺ កូវីដ ១៩ ដូច្នេះការធ្វើតេស្តគឺជាមធ្យោបាយមួយដែលសំខាន់បំផុតក្នុងចំណោមមធ្យោបាយសំខាន់ផ្សេងៗទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកំពុងទទួលរងសម្ពាធយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តឲ្យបានគ្រប់គ្រាន់ ហើយបច្ចុប្បន្នកំពុងត្រូវការពង្រីកវិសាលភាពនៃការធ្វើតេស្តរបស់ខ្លួនជាបន្ទាន់ ដើម្បីទប់ទល់នឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងគំហុក។

លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងជាប្រធានមូលនិធិ ខេ អឹម អេច បានមានប្រសាសន៍ថា៖ «ខ្ញុំមានអារម្មណ៍រំជួលចិត្ត រំភើបយ៉ាងខ្លាំងដែលបានទទួលការគាំទ្រដ៏លើសលប់ ក្នុងការផ្តល់ជំនួយជាថវិកា ដើម្បីបន្តផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលចាំបាច់ និងបន្ទាន់ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងការធ្វើរោគវិនិច្ឆ័យលើជំងឺ កូវីដ ១៩។ តាងនាមឲ្យប្រជាជនកម្ពុជាទាំងអស់ ក៏ដូចវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខ្ញុំបាទសូមថ្លែងអំណរគុណជាអនេកដល់ម្ចាស់ជំនួយទាំងអស់ដែលជាដៃគូអាជីវកម្មរបស់ ISI GROUP មិត្តភក្តិជិតស្និទ្ធ និងសមាជិកគ្រួសាររបស់ខ្ញុំ ដែលបានបរិច្ចាគអំណោយសប្បុរសធម៌ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយប្រជាជនយើងទាំងអស់គ្នា។»

លោកក៏បានបន្តទៀតថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់ក្រុមការងារវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោកបណ្ឌិត ឆែម រិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា និងអ្នកជំនាញវេជ្ជសាស្រ្តទាំងអស់ដែលបានឈរនៅជួរមុខក្នុងការការពារប្រជាជនយើង»។

បន្ថែមពីលើជំនួយដល់ការធ្វើតេស្តទូទាំងប្រទេស មូលនិធិ ខេ អឹម អេច ក៏បានបរិច្ចាគថវិកាចំនួន ១ ម៉ឺនដុល្លារអាមេរិក ដល់ភ្នាក់ងាររៃអង្គាសប្រមូលថវិកាសម្រាប់មូលនិធិសុខភាពរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ដើម្បីធានាថាប្រទេសយើងមានធនធានគ្រប់គ្រាន់ក្នុងការការពារ និងទប់ស្កាត់នឹងវិបត្តិសុខភាពសកលនេះ។

នៅខាងក្នុង ISI GROUP យើងបានបង្កើតក្រុមឆ្លើយតបរហ័ស (Emergency Response Team) នៅក្នុងខែមករា ឆ្នាំ២០២០ កន្លងទៅ ដើម្បីធ្វើការប៉ាន់ប្រមាណពីឥទ្ធិពលហានិភ័យ បន្តគ្រប់គ្រង និងដោះស្រាយវិបត្តិសុខភាពនៅទូទាំងបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់យើង និងក៏ដូចជាដើម្បីថែរក្សា ការពារសុវត្ថិភាពជូនបុគ្គលិក អតិថិជន និងដៃគូអាជីវកម្មទាំងឡាយរបស់ ISI GROUP តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សមាសភាពក្រុមឆ្លើយតបរហ័សរបស់យើង ដែលរួមមានអ្នកជំនាញផ្នែកធនធានមនុស្ស អ្នកជំនាញផ្នែកគាំពារសុខភាព និងសុវត្ថិភាពការងាររបស់បុគ្គលិក មានតួនាទីធានាថាសមាជិកនៅទូទាំង ISI GROUP ទាំងអស់នឹងទទួលបានការផ្គត់ផ្គង់ រួមទាំងព័ត៌មានដែលចាំបាច់ ហើយសមាជិករបស់យើងអាចប្រើប្រាស់ក្នុងការថែរក្សាសុវត្ថិភាព និងសុខភាពរបស់ខ្លួន ក្រុមគ្រួសាររបស់ពួកគាត់ អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ទាំងមូលអោយបានល្អប្រសើរ។

នៅទូទាំងបុត្រសម្ព័ន្ធទាំងអស់ យើងធានាបាននូវបណ្តាញទំនាក់ទំនង និងចែកចាយព័ត៌មានប្រកបដោយប្រសិទ្ធិភាព និងភាពច្បាស់លាស់ ជូនដល់បុគ្គលិកចំនួនជាង ២ ពាន់នាក់របស់យើង។ តាមរយៈបណ្តាញទំនាក់ទំនងនេះ យើងក៏អាចរក្សាបាននូវសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងបុត្រសម្ព័ន្ធយើងនីមួយៗផងដែរ ដើម្បីអនុវត្តសេចក្តីណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក និងដើម្បីដំណើរការយុទ្ធនាការសុខភាពបុគ្គលិកផ្ទៃក្នុង។ ជាមួយនឹងបណ្តាញទំនាក់ទំនងនេះ បុគ្គលិកជាង ២ ពាន់នាក់របស់យើងតែងតែទទួលបាននូវព័ត៌មានថ្មីៗបំផុតស្តីពីតំហែទាំសុខភាព។ បន្ថែមពីលើនេះ ក្រុមឆ្លើយតបរហ័សរបស់យើងបានអនុវត្តនូវវិធានការបង្ការការចម្លងដែលត្រូវបានអនុវត្តលក្ខណៈអន្តរជាតិ ដែលក្នុងនោះមានដូចជា៖ ការបង្កើនអនាម័យ ការរក្សាគម្លាតសុវត្ថិភាព ការដាក់កំហិតលើការធ្វើដំណើរដែលមិនចាំបាច់ និងការផ្តល់ជម្រើសឲ្យបុគ្គលិកបំពេញការងារតាមវិធីផ្សេងៗ ស្របតាមកាលៈទេសៈ ដូចជាការធ្វើការនៅផ្ទះជាដើម។

សុខុមាលភាព និងសុវត្ថិភាពរបស់បុគ្គលិក អតិថិជន និងដៃគូអាជីវកម្មរបស់ ISI GROUP គឺជាអាទិភាពចម្បងបំផុតរបស់យើង! អាស្រ័យហេតុនេះ យើងនឹងខិតខំរក្សាឲ្យបាននូវសុវត្ថិភាពជូនពួកគាត់គ្រប់រូបបន្តទៀត។ យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់បុគ្គលិក អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍របស់យើងទាំងអស់ ចំពោះកិច្ចសហការ សាមគ្គីភាព និងការចូលរួមចំណែកជួយរក្សាសុខសុវត្ថិភាពរបស់យើងទាំងអស់គ្នាក្នុងគ្រាកន្លងមក ក៏ដូចជានាថ្ងៃអនាគត៕