ចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ បច្ចុប្បន្ននេះយើងគឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀតដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារជាង២៥ឆ្នាំ បុត្រសម្ព័ន្ធរបស់យើង គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកសម្ភារសំណង់ ដំណោះស្រាយសំណង់អគារដែក ការអភិវឌ្ឍអចលនទ្រព្យ ការអប់រំ ព្រមទាំងផ្នែកអាហារ និងភេសជ្ជៈ។ យើងប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស ការវិនិយោគទៅលើបច្ចេកវិទ្យា និង ការបង្កើតនូវផលិតផល និង សេវាកម្មថ្មីៗប្រកបដោយភាពច្នៃប្រឌិត សម្រាប់អតិថិជនរបស់យើង។
នៅ ISI GROUP យើងទាំងអស់គ្នាប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវចក្ខុវិស័យរួមរបស់យើងគឺ បង្កើត និង កសាងការរស់នៅឲ្យប្រសើរឡើងសម្រាប់គ្រប់គ្នា ដោយឈរលើតម្លៃស្នូលសំខាន់ទាំង៤របស់យើង គឺភាពច្នៃប្រឌិត ការខិតខំប្រឹងប្រែង សុចរិភាព និងការរីកដុះដាលជាមួយគ្នា។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង (CSR) គឺត្រូវបានដំណើរការឡើងក្នុងគោលដៅដើម្បីជួយដល់សហគមន៍ដែលក្រុមហ៊ុនរបស់យើង កំពុងដំណើរការអាជីវកម្ម តាមរយៈការរួមចំណែកក្នុងការផ្លាស់ប្ដូរសង្គមប្រកបដោយភាពវិជ្ជមាន ជាពិសេសនោះលើផ្នែកសំខាន់ៗចំនួន៤ គឺ ការអប់រំ បរិស្ថាន កីឡា និង ការថែទាំសុខភាព។
បុគ្គលិកទាំងអស់ គឺជាបេះដូងរបស់ក្រុមហ៊ុន។ ពួកគេក៏សុទ្ធសឹងតែជា មនុស្សដែលមានសេចក្ដីក្លាហានក្នុងការផ្លាស់ប្ដូរ ជាមួយនឹងគោលដៅប្រកបដោយភាពច្នៃប្រឌិត និង ការជម្នះនូវការលំបាកដើម្បីធ្វើឲ្យក្តីសុបិនក្លាយជាការពិត។ យើងមានបំណងក្នុងការបង្កើត និង កសាងកន្លែងការងារប្រកបដោយសុវត្ថិភាព និង ភាពរីករាយ ដែលបុគ្គលិករបស់យើងចាត់ទុកថា ជាផ្ទះរបស់ខ្លួន ដោយកន្លែងនេះនឹងជួយគាំទ្រដល់ផ្នែកច្នៃប្រឌិត ហើយជាទីកន្លែងដែលម្នាក់ៗអាចរៀនសូត្រ និង ចែករំលែកចំណេះដឹង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ទីកន្លែងធ្វើការនេះ ផ្តល់តុល្យភាពរវាងការងារ និង ជីវិតផងដែរ។ ដូច្នេះហើយបុគ្គលិកទាំងអស់គឺជាផ្នែកមួយដ៏សំខាន់នៃគ្រួសារ ISI GROUP របស់យើង។
ស្ថាបនិកឆ្នើមទាំងពីររូបរបស់យើង គឺលោក ឧកញ៉ា កាំង ម៉េងហ៊ុយ និង លោក ជំទាវ ឃុន ហៀង បានបង្កើត ISI GROUP ឡើង ដោយកាលនោះក្រុមហ៊ុនដំបូងបំផុតគឺមានឈ្មោះថា International Steel Industrial (ឧស្សាហកម្មដែកអន្តរជាតិ)។ ចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារ ដោយមានបុគ្គលិកប្រហែល២០នាក់ ក្រុមហ៊ុនដំបូងរបស់យើងគឺផ្ដោតលើការផលិតដំបូលស័ង្កសី។
ការខិតខំប្រឹងប្រែងបានហុចផលជាទីជាគាប់ចិត្ត ហើយសុបិនក្នុងការពង្រីករោងចក្រ និង កសាងរោងចក្រធំជាងមុន បានក្លាយជាការពិត។
ក្រុមហ៊ុនទី២ មានឈ្មោះថា Raksmey Phnom Penh Steel Industry - ឧស្សាហកម្មដែករស្មីកម្ពុជា - ត្រូវបានបង្កើតឡើង ហើយនេះគឺជាក្រុមហ៊ុនទី១ក្នុងប្រទេសកម្ពុជា ដែលផ្ដោតលើការផលិតដែកទីប។
ISI PARK វេង ស្រេង ត្រូវបានបង្កើតឡើង ដោយផ្ដល់ជូននូវទីតាំងសម្រាប់ជួល មានដូចជា រោងចក្រ ឃ្លាំង និង ផ្សារ។ បច្ចុប្បន្ននេះ ISI PARK វេង ស្រេង គឺជាកន្លែងមួយស្ថិតក្នុងចំណោមទីកន្លែងស្នាក់នៅសម្រាប់កម្មករធំៗបំផុតក្នុងប្រទេសកម្ពុជា ដោយមានអ្នកស្នាក់នៅសរុបប្រមាណជាង ១០ ០០០ នាក់។
ក្រុមហ៊ុន International Steel Industrial (ឧស្សាហកម្មដែកអន្តរជាតិ) និង ក្រុមហ៊ុន Raksmey Phnom Penh Steel Industry (ឧស្សាហកម្មដែករស្មីកម្ពុជា) បានរូមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ដោយមានឈ្មោះជាផ្លូវការថា ISI STEEL រហូតមកទល់សព្វថ្ងៃនេះ។
មូលនិធិ ខេ អឹម អេច ត្រូវបានបង្កើតឡើង ដើម្បីជាការដឹងគុណ និង ជាការចងចាំដោយក្តីគោរពជូនចំពោះលោក ឧកញ៉ាកាំង ម៉េងហ៊ុយ។ មូលនិធិ ខេ អឹម អេច ផ្ដោតលើផ្នែកសំខាន់ៗដូចជា ការអប់រំ បរិស្ថាន កីឡា និងការថែទាំសុខភាព។
បង្កើតឡើងក្រោមគោលការណ៍នៃគំនិតច្នៃប្រឌិត ក្រុមហ៊ុន Fuxin គឺជាក្រុមហ៊ុនសាងសង់សំណង់អគារដែកដំបូងគេនិង ជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូននូវដំណោះស្រាយសំណង់អគារដែកក្នុងប្រទេសកម្ពុជា។
បង្កើតឡើងដោយស្ថាបត្យករកម្ពុជា លោក កាំង ហុក ក្រុមហ៊ុន Urbanland បង្កើតនូវទីកន្លែងដ៏អស្ចារ្យ និង មានអត្ថន័យជ្រាលជ្រៅសម្រាប់ការរីកចម្រើន និង ភាពជោគជ័យ មានដូចជា អគារខុនដូប្រណិត រមណីយដ្ឋាន និង អគារពាណិជ្ជកម្ម។
ការបង្កើតក្រុមហ៊ុនចំនួន២ទៀត គឺ Chungkang និង Global CamStar (GCS) ជាការវិវឌ្ឍថ្មីមួយផ្សេងទៀត សម្រាប់ ISI GROUP។
គម្រោងអគារខុនដូប្រណិតដំបូងគឺ Embassy Residences របស់ក្រុមហ៊ុន Urbanland ឈ្នះពានរង្វាន់ Best Condo Development Award ពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។
ក្រុមហ៊ុន Fuxin ត្រូវបានទទួលពានរង្វាន់ «Best Steel Contractor» ពីក្រុមហ៊ុន HYUNDAI E&C សម្រាប់ការបញ្ចប់គម្រោងចំណតរថយន្តរបស់ផ្សារទំនើប AEON Mall II។
អគារខុនដូ Embassy Residences របស់ក្រុមហ៊ុន Urbanland បានបញ្ចប់ការសាងសង់។
វេទិកាឧស្សាហកម្មដែកដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា «ដាក់ប្រទេសកម្ពុជានៅលើផែនទីឧស្សាហកម្មដែកពិភពលោក» ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យដោយ ISI GROUP ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលសុទ្ធសឹងតែជាថ្នាក់ដឹកនាំមកពីក្រុមហ៊ុនជាតិ និង អន្តរជាតិ។
ISI GROUP រៀបចំកម្មវិធី «ការលេចឡើងនៃអគារដែកខ្ពស់ៗ»។ កម្មវិធីនេះ មានអ្នកចូលរួមចំនួន២០០នាក់ កម្មវិធីនេះបានផ្ដោតសំខាន់ទៅលើអនាគតនៃអគារដែកខ្ពស់ៗក្នុងប្រទេសកម្ពុជា។
ការិយាល័យកណ្តាលរបស់ ISI GROUP ត្រូវបានសម្ពោធជាផ្លូវការ។ មានទីតាំងស្ថិតនៅអគារ Raintree (ការិយាល័យប្រកបដោយភាពច្នៃប្រឌិតដំបូងនៅកម្ពុជានេះ) រចនាឡើងដោយក្រុមហ៊ុន Urbanland។
ក្រុមហ៊ុន Soundskool ចូលជាសមាជិកថ្មីរបស់គ្រួសារ ISI GROUP ដោយស្ថិតនៅផ្នែកវិនិយោគ។
ក្រុមហ៊ុន Urbanland បានសម្ពោធសណ្ឋាគារ Treeline Urban Resort ក្នុងក្រុងសៀមរាប ដែលនេះគឺជាការឈានជើងចូលក្នុងវិស័យបដិសណ្ឋារកិច្ចដំបូងរបស់ខ្លួន។
ISI GROUP បានវិនិយោគលើ SmallWorld ដែលជាអ្នកអភិវឌ្ឍអាជីវកម្មថ្មីៗនៅកម្ពុជាដូចជា KOOMPI ជាដើម។
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងក្រុមហ៊ុន ហ្វូ៊ស៊ីន បានទទួលវិញ្ញាបនបត្រ ISO 9001: 2015 ដែលជានិមិត្តសញ្ញានៃគុណភាព និងភាពជឿជាក់នៃផលិតផលរបស់ពួកគេ។
ក្រុមហ៊ុន ហ្វូ៊ស៊ីន បានឈ្នះការដេញថ្លៃនៃការសាងសង់គ្រោងដែករបស់មជ្ឈមណ្ឌលតាំងពិព័រណ៍ជ្រោយចង្វារ។ ដោយមានផ្ទៃដីជិត ២៦,៨០០ ម៉ែត្រការ៉េ មជ្ឈមណ្ឌលថ្មីនេះនឹងក្លាយជាមជ្ឈមណ្ឌលតាំងពិព័រណ៍នាំមុខគេនៅរាជធានីភ្នំពេញបន្ទាប់ពីបានសាងសង់រួចជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២០។
ក្រុមហ៊ុន អឺបេនលែន ចាប់ផ្ដើមកសាងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដែលមានគម្រោងអភិវឌ្ឍដូចជា ផ្សារទំនើប ខេ ម៉ល ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន។
ISI GROUP សម្ពោធការិយាល័យកណ្តាលថ្មីនៅអគារ អាយ អេស អាយ ដែលជាការបើកដំណើរការជាផ្លូវការនូវការិយាល័យទំនើបដំបូងគេបង្អស់នៅតំបន់ចោមចៅ។
Urbanland បញ្ចប់គម្រោង K Mall ដែលជាមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន ហើយក៏បានបើកស្វាគមន៍ជាផ្លូវការចំពោះម្ចាស់ហាង និងសាធារណជន។
ISI STEEL ពង្រីកបច្ចេកវិទ្យាដែកគុណភាពខ្ពស់ជាមួយនឹងផលិតផលថ្មីចំនួន៣ រួមមាន ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ក្បឿងត្រជាក់ អាយ អេស អាយ ផាម និង ដែកសសៃ ISI។
ឆ្នាំ២០២២ គឺជាខួប ២៥ឆ្នាំរបស់ ISI GROUP ក្នុងការបន្តជំរុញភាពច្នៃប្រឌិតនៅក្នុងទីផ្សារកម្ពុជា។
ISI GROUP ពង្រីកខ្លួនបន្ថែមទៅក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ដោយធ្វើការស្វាគមន៍ BROWN ជាសមាជិកថ្មីបំផុតនៃផ្នែកវិនិយោគរបស់យើង។
FUXIN អបអរខួប ១០ឆ្នាំនៃការឈានមុខគេក្នុងវិស័យសំណង់ក្នុងស្រុកតាមរយៈការផលិតគ្រោងអគារដែកទុកជាមុន (prefabrication)។
ISI STEEL បើកដំណើរការរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដំបូងគេបង្អស់នៅកម្ពុជា ដែលបានបង្កើនសមត្ថភាពកែច្នៃដែករបស់ខ្លួនបន្ថែម។